(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស២នាក់បានស្លាប់ ១៦នាក់រងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ​២៤​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង យាន​ផ្សេងៗ ១​គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់​ ហើយ​មូលហេតុ​ដែល​បណ្តាលឲ្យ ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ៤​លើក មិន​ប្រកាន់​ស្តាំ ២​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក និង​មិន​ពាក់មួក​ ពេល​គ្រោះ​ថ្នាក់​មាន ៨​នាក់ (​យប់៤​នាក់​)​។​

​ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្ត ​សរុប​ចំនួន ១៤២៩​គ្រឿង (​រថយន្ត​ធំ ៤៦២​គ្រឿង​) ស្មើនឹង​១៤៧១​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៧៩១​គ្រឿង ស្មើនឹង ៧៩៤​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៦៣៨​គ្រឿង ស្មើនឹង ៦៧៧​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១១២១​គ្រឿង៕