(ភ្នំពេញ)៖ សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកូរ៉េចំណុះ៥តោនមួយគ្រឿង បើកបញ្ច្រាសទិសគ្នាជាមួយរថយន្តកុងតឺនរ័ របស់ក្រុមហ៊ុនផែស្ងួត តេងឡាយ បានបុកគ្នាពញទំហឹង ធ្វើឲ្យរថយន្តសាំយ៉ុង ដែលមកពីក្រោយរថយន្តកូរ៉េ គេចមិនទាន់ក៏បានបុកគូទរថយន្តកូរ៉េ ពីក្រោយទៀតហើយ បណ្តាលឲ្យស្ទះចរាចរណ៍ និងរងរបួសធ្ងន់អ្នកបើករថយន្តម្នាក់។   

ហេតុកាណ៌នេះបានកើតឡើង នៅម៉ោង៨៖២០នាទី​យប់ ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់មុខសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនម៉ោងមានករណីគ្រោះថ្នាក់នេះកើតឡើង គេបានឃើញរថយន្តកូរ៉េមួយគ្រឿងចំណុះ៥តោន បើកលើផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច បញ្ច្រាសទិសគ្នាជាមួយ រថយន្តកុងតឺន័រ លុះបើកបានប្រមាណជា៣នាទី មកមុខស្រាប់តែរថយន្តកូរ៉េនោះបានបើកបុកពេញទំហឹងជាមួយរថយន្តកុងតឺន័រតែម្តង បន្ទាប់មកមានរថយន្តសាំយ៉ុងមួយគ្រឿងទៀត ដែលមកពីក្រោយគេចមិនទាន់ ក៏បុកគូទពីក្រោយរថយន្តកូរ៉េនោះតែម្តង។

នៅក្នុងករណីរថយន្តបុកគ្នាបីនេះ បណ្តាលឲ្យតៃកុងរថយន្តកូរ៉េរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗផងដែ រឺឯខាងរថយន្តកុងតឺន័រ និងរថយន្តសាំយ៉ុងពុំមានរងេបួសនោះទេ។ ដោយឡែករថយន្តទាំង៣គ្រឿង ត្រូវបានខាងជំនាញចុះមកវាស់វែង និងដឹកយករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៌ផ្លូវគោក ដើម្បីរងចាំដោះស្រាយគ្នា នៅពេលក្រោយ៕