(ភ្នំពេញ)៖ ក្មេងប្រុសស្រី ដែលសិស្សវិទ្យាល័យឫស្សីកែវ ២នាក់បងប្អូនបង្កើត បានប្រកាសកាត់កាលម្តាយរបស់ខ្លួនចោល ព្រោះទ្រាំនឹងអំពើទារុណកម្ម របស់ម្តាយស្រវឹងខួប ក៏បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលឬស្សីកែវ ដោយឈប់ទទួលស្គាល់ និងចុះចេញពីផ្ទះ ដោយមិនទាមទារទ្រព្យសម្បត្តិអ្វីឡើយ។

សិស្សសាលារងគ្រោះទាំង២នាក់ បងប្អូនទី១-ឈ្មោះ ស៊ឹង សេងហាវ ភេទប្រុស អាយុ១៦ឆ្នាំ មានប្អូនស្រីឈ្មោះ ស៊ឹង សេងហ័រ អាយុ១៥ឆ្នាំ ពួកគេទាំង២នាក់បងប្អូន រៀនថ្នាក់៩ វិទ្យាល័យឫស្សីកែវ មានម្តាយឈ្មោះ ស៊ឹម មនោរម្យ អាយុ៣៥ឆ្នាំ ជាមេផ្ទះ រស់ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានឪពុកឈ្មោះ ភៅ វហ៊ន អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប។

ក្មេងរងគ្រោះទាំង២នាក់ បានមកប្តឹងសុំកាត់កាលម្តាយ ក្រោយពីម្តាយរូបនោះ តាមទៅវាយធ្វើបាបកូនៗ នៅផ្ទះអ៊ំរបស់ពួកគេ និងយកសាំងគម្រាមចាក់ដុតផ្ទះអ៊ំ នៅព្រឹកម៉ោង ៧៖២០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

អ្វីដែលហួសចិត្តទៀតនោះ ក្មេងប្រុសស្រីកំសត់ទាំង២នាក់ មានរាងកាយស្គមស្គាំង ត្រូវម្តាយចិត្តអប្រិយ៍រូបនោះ តាមវាយគម្រាមរហូតដល់ ប៉ុស្តិ៍នគរបាលថែមទៀត ព្រមទាំងជេចៅសង្កាត់ និងសមត្ថកិច្ចនគរបាលយ៉ាងចាស់ដៃថែមទៀត។

មេប៉ុស្តិ៍ឫស្សីកែវ លោក ទូច គឹមសុង បានឱ្យដឹងថា សមត្ថកិច្ចគ្មានសិទ្ធិ កាត់ក្តីក្នុងរឿងនេះទេ គឺគ្រាន់តែធ្វើសាក្សី ក្នុងការដែលក្មេងទាំង២នេះផ្តិតមេដៃ ប៉ុន្តែបើចង់បញ្ចប់រឿង គឺទៅតុលាការ៕