(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរម្លឹកប្រវត្តិរបស់រាជធានីភ្នំពេញ កាលពីឆ្នាំ១៩៧៩ ដែលមានផ្ទៃដីតូច ហើយតំបន់មួយចំនួនអសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរស់នៅ ។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា ភ្នំពេញដែលចាប់ផ្តើមពីឆ្នាំ១៩៧៩ គឺមានតែផ្ទៃក្រឡាតូចមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅ សូម្បីតែតំបន់ព្រែកតាសេក ដែលនៅជិតបង្កើយ និងភ្នំដូនពេញ ក៏ពុំមែនជាតំបន់សម្រាប់ប្រជាពលរដ្ឋរស់នៅទេ។ សម្តេចតេជោ បានដឹកនាំមន្ត្រី ​និងអាជ្ញាធរទៅកាប់ឆ្ការតំបន់នោះ ដើម្បីធានាសុវត្ថិភាព​ របស់ប្រជាពលរដ្ឋពី ពួកឧទ្ទាមខ្មែរក្រហម។

រាជធានីចតុមុខ ឬរាជធានីភ្នំពេញនៅក្នុងបច្ចុប្បន្នកាលនេះ ដែលឋិតនៅក្រោមការដឹកនាំរបស់សម្តេចតេជោ បានប្រែប្រួលនូវ ផ្ទៃក្រឡារបស់ខ្លួនទ្វេដងពីសម័យដើម។ រាជធានីចតុមុខមានផ្ទៃក្រឡា ៦៧៨ គីឡូម៉ែតក្រឡា និងផ្ទុកប្រជាពលរដ្ឋចំនួនជិតពីរលាននាក់។ នេះបើតាមការលើកឡើងរបស់លោក ផៃ ស៊ីផាន ។

លោកថា ភ្នំពេញ ១៩៧៩ និងភ្នំពេញ ២០១៥ មានភាពខុសប្លែកដូចក្តីសុបិន្តនោះ មិនគិតរាប់ពីផ្ទះខ្ពស់ៗ ដែលអភិវឌ្ឍន៍យ៉ាងខ្លាំង និងស្វាហាប់។ ផ្លូវថ្នល់ ស្ពានអាកាស ក៏ជាអត្តសញ្ញាណកម្ម បង្ហាញពីការរីកចំរើន និងការអភិវឌ្ឍ នៅក្រោមការដឹកនាំប្រកដោយទស្សនទាន សម្រាប់អនាគត និងស្វាហាប់សម្រាប់រាជធានីភ្នំពេញ និងប្រជាពលរដ្ឋរបស់ សម្តេចតេជោសែន៕