(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ រដ្ឋសភាជាតិ ចាប់បើកកិច្ចប្រជុំពេញអង្គ របស់ខ្លួនម្តងទៀត ដើម្បីពិភាក្សានិងអនុម័ត លើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានរៀបចំដោយរាជរដ្ឋាភិបាល។

សេចក្តីព្រាងចំនួន៣នេះ រួមមាន ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ជូលកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ទៅក្នុងឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និង ៣-សេចក្តីព្រាងច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ។

សូមជំរាបថាកិច្ចប្រជុំថ្ងៃនេះ ក៏មានការចូលរួមដោយសមាជិកសភា មកពីគណបក្សសង្រ្គោះជាតិផងដែរ បន្ទាប់ពីតំណាងរាស្រ្តទាំងនោះ បានធ្វើពហិការមិនចូលប្រជុំរដ្ឋសភា រយៈពេលជាង១ខែកន្លងមក៕