(ភ្នំពេញ)៖ យោងតាមលិខិតថ្មីមួយទៀត ពីមន្រ្តីក្រសួងយុត្តិធម៌ ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិចឲ្យដឹងថា លោក អង្គ វង្សវង្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានកោះអញ្ជើញប្រធានតុលាការ និងព្រះរាជអាជ្ញា​ទូទាំងប្រទេស ដើម្បីចូលរួមកិច្ចប្រជុំស្តីពី កិច្ចសហការអនុវត្តច្បាប់ រវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ក្នុងការងារពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ។

កិច្ចប្រជុំនេះ នឹងធ្វើឡើនៅទីស្តីការក្រសួងយុត្តិធម៌ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ៨៖៣០នាទីដល់ម៉ោង ១១៖៣០នាទីព្រឹក។

ការកោះអញ្ជើញប្រធានសាលាដំបូងរាជធានី-ខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់ គឺដើម្បីមកចូលរួម នៅក្នុងប្រជុំអន្តរស្ថាប័ន (ក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងកងរាជអាវុធហត្ថ) លើប្រធានបទ «កិច្ចសហការអនុវត្តច្បាប់ រវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ក្នុងការពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ»។

សូមជំរាបថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតមួយកោះហៅ ព្រះរាជអាជ្ញាទូទាំងប្រទេស បើកកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ស្អែកនេះ ដើម្បីពិភាក្សាអំពីការលើកលែងទោស និងពិនិត្យសំណុំរឿង លួច ឆក់ និងប្លន់ នៅក្នុងប្រទេសកម្ពុជា។ ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានព្រមានក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ អំពីរឿងអតីតទណ្ឌិត ក្នុងបទល្មើសប្លន់ ដែលមិនព្រមកែខ្លួន ហើយចេញធ្វើសកម្មភាពដដែល បន្ទាប់ពីផ្តន្ទាទោសនៅក្នុងពន្ធនាគារ៕

ខាងក្រោមនេះជាលិខិតកោះអញ្ជើញ របស់ក្រសួងយុត្តិធម៌៖