(​ប្រេ​ស៊ីល​)៖ តុលាការ​ប្រេ​ស៊ីល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បញ្ជាក់ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងអស់​បិទ​មិនឲ្យ​ប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ​ជជែក​កម្សាន្ត WhatsApp ចំនួន ៤៨​ម៉ោង ដោយ​គិត​ចាប់ពី​ម៉ោង ១២​យប់​ថ្ងៃ​នេះ​តទៅ​។​

​មូលហេតុ​ដែល​តុលាការ​ប្រកាស​ឲ្យ​បិទ WhatsApp ជា​បណ្ដោះអាសន្ន ដោយសារតែ​មាន​ពាក្យបណ្ដឹង​ពី​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ជាច្រើន​នៅក្នុង​ប្រទេសប្រេ​ស៊ីល ដោយ​បាន​លើកឡើង​ថា WhatsApp បានអនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការផ្ញើ​សារ និង​ហៅ​ទូរស័ព្ទ​បាន​ទៅ​គ្រប់​គ្នា​នៅ​ជុំវិញ​ពិភពលោក ដោយ​មិន​មាន​ការគិត​ប្រាក់​ពី​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ ដែល​ជាហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​គ្មាន​ឱកាស​ទទួល​បាន​ប្រាក់ចំណូល​បន្ថែម​។​

​តាម​ការ​ស្ទាប់ស្ទង់​មតិ បាន​រកឃើញថា កម្មវិធី WhatsApp មាន​ប្រជាប្រិយភាព​ខ្លាំង​នៅក្នុង​ប្រទេសប្រេ​ស៊ីល រហូតដល់ ៩៣​ភាគរយ​នៃ​ចំនួន​មនុស្ស​ដែល​ត្រូវ​ស្ទង់​មតិ​។​

​តុលាការ​ប្រេ​ស៊ីល ទុកពេល ៤៨​ម៉ោង ឲ្យ​ក្រុមហ៊ុន WhatsApp ដែលមាន Facebook ជា​ខ្នងបង្អែក​ដ៏​ធំ ចូលខ្លួន​ដោះស្រាយ​លើ​បញ្ហា​ខាងលើ​៕​