(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំជាមួយព្រះរាជអាជ្ញាទូទាំងប្រទេស ទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាអំពីកាសំណុំរឿង លួច ឆក់ និងប្លន់ នៅក្នុងប្រទេសកម្ពុជា និងការលើកលែងទោសដល់ទណ្ឌិត។

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើង បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានដល់ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ករណីអតីតទណ្ឌិតក្នុងបទល្មើសប្លន់ប្រដាប់អាវុធមួយចំនួន ដែលនៅតែប្រព្រឹត្តអំពើប្លន់ប្រដាប់អាវុធ នៅពេលដែលចេញពីពន្ធនាគារ។

សូមជំរាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មានករណីប្លន់ប្រដាប់អាវុធចំនួន៣លើក នៅខេត្តចំនួន៣ រួមមានបាត់ដំបង ពោធិ៍សាត់ និងខេត្តកណ្តាល។ បន្ទាប់ពីកើតឡើងនូវករណីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យសមត្ថកិច្ច បង្កើនការវាយបង្រ្កាបក្រុមចោរប្លន់ទាំងនេះផងដែរ៕