(កណ្តាល)៖ គណបក្សប្រជាជនកម្ពុជានៅឃុំពោធិ៍បាន បានផ្លាស់ប្តូរសមាសភាពគណៈពង្រឹងការងារថ្មីជាង ៨០នាក់ ដើម្បីពង្រឹងប្រ សិទ្ធភាពការងារ ធ្វើយ៉ាងណាចុះជួយប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងឃុំឲ្យបានទាន់ពេលវេលា ជាពិសេសប្រឹងប្រែងទាញយកប្រជា ប្រិយភាពឈានទៅរកជ័យជម្នះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។

ពិធីប្រកាស និងបង្ហាញមុខសមាសភាពគណៈពង្រឹងការងារឃុំពោធិ៍បានថ្មីនេះ បានធ្វើឡើងនាថ្ងៃអាទិត្យ ទី២០ ខែធ្នូ ម្សិលមិញនេះ ក្រោមអធិបតីភាពលោក ឃឹម សិរីវង្ស ប្រធានគណៈពង្រឹងឃុំពោធិ៍បាន។

ក្នុងឱកាសប្រកាសសមាសភាពគណៈពង្រឹងការងារនៅក្នុងឃុំពោធិ៍បាននេះ លោក ឃឹម សិរីវង្ស បានក្រើនរំលឹកដល់គណៈពង្រឹងទាំង ជាង ៨០នាក់ ឲ្យខិតខំប្រឹងប្រែងគោរព និងអនុវត្តន៍ការងារ ដោយអនុលោមគោលបាយ ផែនការ និងយុទ្ធសាស្រ្ត ដែលបក្សបានដាក់ ចេញ ដើម្បីដណ្តើមឲ្យបាននូវប្រជាប្រិយភាពឈានទៅដណ្តើមយកជ័យជម្នះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជាតិឆ្នាំ២០១៨។

លោក ឃឹម សិរីវង្ស ក៏បានក្រើនរំលឹកដល់គណៈពង្រឹងឃុំឲ្យដាក់ចិត្តដាក់កាយបម្រើប្រជាពលរដ្ឋ ឲ្យពួកគាត់បានឃើញច្បាស់ពីកិច្ចខិត ខំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការប្រឹងប្រែងកសាងប្រទេសតាំងពីតាមទីជនបទ រហូតដល់ទីក្រុង ដើម្បីអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងដណ្តើមប្រជាប្រិយភាពសម្រាប់គណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកកោះធំ ខេត្ត កណ្តាល លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ ក៏ បានចុះទៅប្រកាសតែងតាំងសមសភាពគណៈពង្រឹងការងារថ្មីចំនួន១០រូបបន្ថែមទៀត នៅតាមស្រុក និងឃុំទូមទាំងស្រុកកោះធំ។

សមាសភាពគណៈពង្រឹងស្រុក និងឃុំទាំង ១០រូបនេះ រួមមាន៖ លោកស្រី តឹករ៉េត កំរង អនុប្រធានទី១ គណៈអចិន្ត្រៃយ៍គណៈពង្រឹង មូលដ្ឋានស្រុក, លោក ម៉ក់ ពេជ្ជរិទ្ធ, លោក ពេជ ឬទ្ធី, លោក សុខ សុភ័ក្ត្រ, លោក ប៉ែន សុវិជាតិ, លោក ប៊ី ហ៊ត់, លោក ឃឹម សិរីវង្ស, លោក ស៊ាង ថៃ, លោកសាស្ត្រាចារ្យមហាបរិញ្ញា គង់ សន្យា និង លោក សំ សិរីរតន៍ ជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ឃុំ។

លោក ស៊ុន ចាន់ថុល បានដាស់តឿនសមាជិក សមាជិកា ត្រូវបន្តសកម្មភាពការងារ ចុះតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីស្វែង យល់អំពីផលលំបាក ដែលប្រជាពលរដ្ឋកំពុងជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់៕