(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ បានត្រៀមកម្លាំងនគរបាល ១៧៥០នាក់ ដោយចែកចេញជា១៧២ក្រុម សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅក្នុងឆ្នាំ២០១៦ ខាងមុខ។ នេះបើតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំ ណែនាំការអនុវត្តផែនការ ស្តីពីការពង្រឹងច្បាប់រចរាចរណ៍ផ្លូវគោកថ្មី ដែលធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីណែនាំផ្តល់យោបល់ជុំវិញ ផែនការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលប្រាក់ដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០១៥ ។

របាយការណ៍នៃកិច្ចប្រជុំខាងលើនេះ បានឱ្យដឹងថា សមត្ថកិច្ចបានត្រៀមកម្លាំងសរុប ទូទាំងប្រទេសសម្រាប់ចុះប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់នេះចំនួន ១៧២ក្រុម មានកម្លាំងចំនួន១.៧៥០នាក់ ក្នុងនោះក្រុមត្រួតពិនិត្យអនុវត្តច្បាប់ចំនួន៦១ក្រុម កម្លាំង៣១១នាក់ និងក្រុមត្រួតពិនិត្យតាមដងផ្លូវសរុប១១១ក្រុម ១៤៣៩នាក់ (យប់៤០ក្រុម ៥៥៩នាក់)។

ដោយឡែករាជធានីភ្នំពេញ ក៏មានក្រុមត្រួតពិនិត្យ៥៤ក្រុម កម្លាំង៤៣២នាក់ និងស្នាក់ការទទួលបង់ប្រាក់ពិន័យចំនួន១៥កន្លែងផងដែរ៕