(អ៊ីស្រាអែល)៖ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Ehud Olmert ត្រូវបានតុលាការតុលាការ​កំពូល សម្រេចផ្តន្ទាទោសចាប់គុក ១៨ខែ ក្នុងបទល្មើសស៊ីសំណូក នេះ​បើយោងតាមការចេញផ្សាយរបស់ BBC នៅរសៀលថ្ងៃទី២៩ ខែធ្នូ។

លោក Olmert ត្រូវបានតុលាការ ជាន់ទាបរបស់អ៊ីស្រាអែល កាត់ទោសឲ្យជាប់គុកចំនួន ៦ឆ្នាំ កាលពី​ឆ្នាំ ២០១៤ ប៉ុន្តែនៅពេលនេះ ត្រូវបានតុលាការ​កំពូល សម្រេចបន្ថយទោស មកនៅត្រឹមតែ ១៨ខែវិញ ដោយ​មិនបាន បញ្ជាក់ពីមូលហេតុនោះទេ។

បុរសវ័យ ៧០ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន ពីបទប្រព្រឹត្តអំពើពុករលួយ ដោយបានស៊ីសំណូក លើវិស័យ​អចលនទ្រព្យ ក្នុងទីក្រុងយេរូសាឡឹម។

គួរបញ្ជាក់ផងដែរថា លោក Olmert បានធ្វើជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ពីឆ្នាំ២០០៦-២០០៩ ហើយ​ក៏ជា​នាយករដ្ឋមន្ត្រីដំបូងផងដែរ សម្រាប់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានតុលាការ កាត់ទោសឲ្យ​ជាប់​គុក៕