(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានប្រាប់អង្គភាព Fresh Newsថា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ កម្លាំងនគរបាលរបស់លោក បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបករណីគ្រឿងញៀនមួយ ករណីដោយឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ និងដកហូតថ្នាំចំនួន៩កញ្ចប់។ ប្រតិបត្តិការដែលដឹកនាំ ដោយព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំ ខាងលើនេះ បានធ្វើឡើងស្ថិតនៅបន្ទប់ជួល ភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង។

ជនសង្ស័យទាំង៣នាក់ រួមមានទី១ ឈ្មោះ សម្បត្តិ វ៉ាអាយុ២២ឆ្នាំ រស់នៅភូមិជ្រៃបិទមាស សង្កាត់សួង ទី២ឈ្មោះ ធឿន ភេទស្រីអាយុ២១ឆ្នាំ រស់នៅភូមិមេម៉ាយ សង្កាត់-ក្រុងកំពង់ចាម និងទី៣ឈ្មោះ ស្រ៊ុន ប៊ុនម៉េង អាយុ២៣ឆ្នាំ រស់នៅភូមិសួងលិច សង្កាត់សួង។ សម្រាប់ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងជាឧបករណ៍ សម្រាប់ជក់មួយចំនួនផងដែរនោះ ត្រូវបានកម្លាំងនគរបាល កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕