(កណ្តាល)៖​ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឲ្យដឹងថា មានគ្រោះអគ្គិភ័យ បានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅម៉ោង១២៖៣០នាទី នាភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ដោយមូលហេតុទុស្សេខ្សែចរន្តអគ្គិសនី។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ផ្ទះជនរងគ្រោះឈ្មោះ អ៊ុច ផៃ ភេទប្រុស អាយុ៦២ឆ្នាំ និងប្រពន្ធឈ្មោះ គង់ គឹមហេង អាយុ៥៥ឆ្នាំ រួមកូន៨នាក់ ប្រុស៣នាក់។

សមត្ថកិច្ចបានរៀបរាប់ថា មុនកើតហេតុម្ចាស់ផ្ទះឈ្មោះ គង់ គឹមហេង និងកូនស្រី កំពុងសំរាកនៅក្រោមផ្ទះ ក៏បានលឺសំឡេងទុស្សេខ្សែភ្លើង គាត់ក៏បានឲ្យកូនទៅមើល ស្រាប់តែឃើញភ្លើងឆេះ ឃើញដូចនេះ គាត់ក៏បានរត់រកអ្នកជិតខាង ឲ្យជួយពន្លត់ភ្លើង តែដោយភ្លើងឆេះខ្លាំងពេក មិនអាចពន្លត់បាន សំភារៈរួមមាន ផ្ទះឆេះ១ខ្នង មានទំហំ៦ គុណ៩ម៉ែត្រ កំពស់៣ម៉ែត្រ ដំបូលប្រក់ក្បឿនិងមាន ម៉ូតូ១គ្រឿង កង១១គ្រឿង និងប្រាក់ចំនួន៥០០ដុល្លារ ទូរទស្សន៍១គ្រឿង ទូរគ្រែចំនួន៣គ្រឿង។

ក្រោយទទួលបានព័ត៌មាននេះ ភ្លាមៗកំលាំងជំនាញ និងប៉ុស្ដិ៍រដ្ឋបាលដឹកនាំ ដោយលោកអធិការស្រុកចុះដលផ្ទះកើតហេតុ ដើម្បីជួយអន្តរាគមន៍ តែមិនទាន់ដោយសារទីតាំងឆេះ នៅឆ្ងាយ ហើយកំលាំងភ្លើងខ្លាំងពេក មិនអាចពន្លត់បានទេ៕