(កំពត)៖ នៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយម៉ូតូសេ១២៥ បើកបុកម៉ូតូធន់វ៉េវ ពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូទាំងសងខាង ស្លាប់ម្នាក់ និងរបួសធ្ងន់៣នាក់ នៅលើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១១ពាក់ស្លាកលេខ ព្រះសីហនុ 1D-183០មាន ទី១-ឈ្មោះ គង់ រ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ រស់នៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទី២-អ្នកជិះពីក្រោយ ឈ្មោះលី គន្ធា ភេទប្រុស អាយុ២១ឆ្នាំ របួសធ្ងន់ដែរ រស់នៅភូមិជាមួយគ្នា។ រីឯម៉ូតូ ជនរងគ្រោះម៉្ខាងទៀត ម៉ាកវ៉េវពណ៌ខ្មៅ អត់ពាក់ស្លាកលេខ រួមមាន ទី១-អ្នកបើកបរម៉ូតូ ឈ្មោះ នូវ គឹម ភេទស្រី អាយុ១៩ឆ្នាំ បានស្លាប់នៅ នឹងកន្លែងកើតហេតុ មានទីលំនៅ ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត និងទី២-អ្នកជិះពីក្រោយ ឈ្មោះ ភិន ឧត្តមសុជាតា ភេទស្រី អាយុ១៥ឆ្នាំ របួស រស់នៅភូមិជាមួយគ្នាដែរ។

មន្ត្រីនគរបាលរូបនេះ ឲ្យដឹងទៀតថា ម៉ូតូសង់បើកបរពីក្រោយម៉ូតូ វ៉េវក្នុងល្បឿនលឿន រត់ស្របទិសគ្នាពីកើតទៅលិច លុះ ដល់ចំណុចកើតហេតុ ខាងម៉ូតូសង់ក៏បានបុកពីក្រោយចំពេញទំហឹងទៅលើម៉ូតូវ៉េវ ក៏បណ្តាលឲ្យដួលអូសម៉ូតូទៅគលើគ្នា ហើយនាំឲ្យជនរងគ្រោះទាំងសងខាង ក៏ជួបទទួលរងគ្រោះ ថ្នាក់បែបនេះតែម្តងទៅ។ ក្រោយហេតុការណ៍ភ្លាម អ្នករបួសធ្ងន់ ទាំង៣នាក់ ត្រូវបានក្រុមគ្រួសារដឹកនាំយកទៅព្យាបាលនៅប្រទេសវៀតណាម។

ចំណែកអ្នកស្លាប់ ត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯផ្ទះ។ បច្ចុប្បន្នវត្ថុតាង ម៉ូតូទាំង២គ្រឿង កំពុងរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច សម្រាប់ធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕